របាំត្រុដិ




      I.        តើរបាំត្រុដិមានប្រភពមកពីណា?
ក. ប្រភពមកពីរឿងព្រេង
រឿងទី១[1] មានសេចក្តីតំណាលថា ជាយូរលង់ណាស់មកហើយ មានត្រកូលអ្នកនេសាទម្នាក់ ប្តីឈ្មោះ
ប៊ុន ប្រពន្ធឈ្មោះនាង ឧមា ដែលមានលំនៅដ្ឋាននៅជិតស្រុកសាវត្ថី និស្ស័យជាមនុស្សកាចរបឹងរឹងរូស។ ពួកគាត់កម្សត់ទាល់ក្រ ហើយតែងតែដើរបាញ់សត្វម្រឹគ បក្សី និងនេសាទត្រី យកមកចិញ្ជឹមជីវិតរៀងដរាបមក។ នៅវេលាថ្ងៃមួយ នាងរៀបប្រដាប់ប្រដា ធ្នូ ស្នា អោយប្តី។ ព្រានក៏ចេញដំណើរត្រាច់រង្គត់ កាត់ព្រៃ ឆ្លងស្ទឹងឆ្ងាយទៅៗ ពុំមានប្រទះម្រឹគណាមួយសោះ ដែលជាហេតុនាំអោយព្រាននឹកថាប្រហែលជា អស់លោកទេព្តារក្សាព្រៃ បំបិទបំបាំងបង្វែរដានមិនអោយឃើញសត្វហើយ។ គិតដូច្នេះហើយ ព្រានក៏ចាត់ចែងធ្វើជារានទេព្តា ៣ថ្នាក់ នូវប្រដាប់ប្រដាពលិការ សុំលាភ សុំជ័យអោយបានជួបម្រឹគ។ បន្ទាប់ពីបួងសួងរួចហើយ ព្រានធ្វើដំណើរតទៅមុខទៀត ហើយព្រាន ប៊ុន ក៏ប្រទះប្រើសមាសភ្លឺ ឆ្អិនឆ្អៅ គឺរោមសុទ្ធតែសរសៃរមាស ស្នែងជាកែវ ភ្លឺច្រាលរន្ទាល។ ព្រានត្រេកអរឥតឧបមា ក៏ពួនលបបំបាំងអាត្មាបាញ់ប្រាសនោះ ដូចប្រាថ្នា។ ព្រានក៏ម្នីម្នាយកកំបិទទៅកាត់យកស្នែង ពន្លះស្បែកមូរចងជាមួយដុំ អារសាច់ ដោតចងប្រមូលរែក ដោយសេចក្តីត្រេកអរ ហើយវិលត្រលបមកផ្ទះវិញ។ មកដល់ផ្ទះ ដោយឃើញប្រើសនេះល្អណាស់ ក៏នាំយកស្បែកនឹងស្នែងទៅថ្វាយស្តេច។ ព្រះបាទព្រហ្មទត្តទ្រង់យល់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ ទើបប្រទានយស់ដល់នាយព្រានជាចៅហ្វាយខេត្ត។ក្រោយពេលព្រានប៊ុនឡើងយស់ជាចៅហ្វាយខេត្ត ឯនាងឧមាជាជំទាវមក ពួកគាត់ក៏បង្កអោយមានក្រុមរបាំមួយ ដែលនិទានពីពា្រនដើរបាញ់ម្រឹគ ដូចមានការរៀបចំក្នុងវង់ត្រុដិសព្វថ្ងៃ។
            រឿងទី២[2]មានសេចក្តីតំណាលមួយទៀតថា របាំត្រុដិនេះកើតឡើងតាមហេតុភេទ ដែលមានឡើងនៅសម័យ ដែលព្រះសម្មាសម្ពុទ្ធនៅជាព្រះពោធិសត្វ មុនត្រាសដឹង ព្រះអង្គទ្រង់ចេញសាងបព្វជ្ជា។ នៅពេលនោះមារាធិរាជបានតំណែងក្លែងខ្លួនធ្វើជាសត្វប្រើសមករារាំងស្ទាក់ដំណើររបស់ព្រះអង្គ កុំអោយព្រះអង្គយាងទៅមុខបាន។ ព្រះពោធិសត្វទ្រង់តាំងអធិដ្ឋានឡើង ហើយការណ៍នោះក៏នាំអោយក្តៅដល់ទេវលោកមួយរំពេច។ ព្រះព្រហ្ម ព្រះឥន្រ្ទ និងទេវតាទាំអឡាយក៏ចុះមកតំណែងភេទជាងោះ លបបាញ់សត្វប្រើសដែលជា រាមាធិរាជក្លែងភេទនោះស្លាប់បង់ទៅ។ រួចហើយ​ ពពួកទេវតាទាំងអស់នោះក៏នាំគ្នា ដើរដង្ហែព្រះអង្គឆ្លងស្ទឹងអនោមា ទៅសាងព្រះផ្នូសសម្រេសដូចបំណងទៅដោយភ្លេងមហោស្របដើរដង្ហែរតាមផ្លូវផង។​ ដើម្បីរំលឹកដល់គ្រានោះ គេក៏យករឿងនោះមកសាងជារបាំត្រុដិឡើង គឺដងកញ្រែ្ជតំណាងសត្វ ឬជាក្លស់បាំងព្រះពោធិសត្វ ពួកភ្លេងតំណាងទេវតា នាងរាំតំណាងអោយទេវអប្សរហែហម ប្រើស ទន្សោងតំណាងមារ និងព្រាព្រៃតំណាងអោយមនុស្សងោះទេវតាកាឡា។
            ខ. ប្រភពអ្នកស្រុក
គេសម្តែងរបាំនេះ ដោយមានជំនឿថា នៅតាមស្រុជិតឆ្ងាយយូរៗម្តង រមែងមានសត្វព្រៃចូលស្រុក មកក្នុងភូមិអ្នកស្រុក ប្រសិនបើមានសត្វព្រៃចូលស្រុកហើយ នឹងកើតឧបទ្រពចង្រៃបែបណាមួយមិនខាង។ហេតុនេះបានជាមានទម្លាប់ថា បើឃើញសត្វព្រៃចូលស្រុកកាលណា គេនាំគ្នាប្រោះព្រំ ប្រេង ម្សៅ អោយសត្វនោះ ហើយសុំពរ សុំជ័យពីសត្វទាំងនោះវិញ។ ដើម្បីរកឱកាសបង្ក់ប្រសិទ្ធិ ចំពោះសត្វព្រៃ អោយស្រេចម្តងៗក្នុងមួយឆ្នាំៗ យ៉ាងនេះហើយ បានជាអ្នកស្រុក ដែលមានជំនឿដូច្នេះបង្កើតល្បែងត្រុដិនេះឡើង។ ហេតុនេះ វង់ត្រុដិត្រូវមានប្រើស​ ទន្សោង ក្ងោក សុទ្ធសឹងជាសត្វព្រៃមកបង្ហាញខ្លួន អោយអ្នកស្រុកអ្នកភូមិប្រោះព្រុំ ប្រេងម្សៅ ចងដៃអំបោះកម្រងអោយទានជាលុយជាកាក់ទៅអោយធ្វើបុណ្យ រំដោះគ្រោះអោយហើយស្រេចតែម្តង ដោយមានជំនឿថាប្រសិនជាមានសត្វព្រៃចូលមកក្នុងស្រុកទៅថ្ងៃមុខ គេក៏បានប្រកបពិធីនេះរួចស្រេចទៅហើយដែរ ដូច្នេះគេជឿថាគ្មានឧបទ្រពចង្រៃអ្វីកើតឡើងនោះទេ។
គ. ប្រភពមកពីការស្រាវជ្រាវ
តាមសេចក្តីរាយការណ៍របស់[3] លោកមាស ហាំម អតីតចៅហ្វាយស្រុកសូទ្រនិគម ថា របាំត្រុដិជារបាំរបស់ជនជាតិសំរែ ដែលជាជនជាតិភាគតិចរស់នៅលើទឹកដីយើងជាយូរមកហើយ(នៅភូមិភាគខាងជើងនៃទន្លេសាប) ជនជាតិនេះ ធ្លាប់បាននាំយករបាំត្រុដិទៅលេងថ្វាយព្រះរាជាខ្មែរ កាលព្រះអង្គទ្រង់គង់នៅត្រង់ប្រសាទអង្គរវត្តជារៀងរាល់ចូលឆ្នាំ។ អាស្រ័យហេតុនេះហើយ បានជារបៀបរាំរបាំត្រុដិនេះនៅសេសសល់ក្នុងខេត្តសៀមរាប ហើយដែលគេនិយមលេងរហូតមកដល់សព្វថ្ងៃ។
តាមមតិរបស់អ្នកស្រី[4] ហ្គ បូរ៉េរបាំត្រុដិ ដែលនិយមកន្ទុយក្ងោក ដោយហេតុជនជាតិអាស៊ីយើងនិយមទុកសត្វនេះជាតំណាងរបស់ព្រះអាទិត្យ ដែលជំនឿជំនាន់ដើមទុកជាអាទិទេពមួយដែរ។ មនុស្សយើងត្រូវការបន់ស្រន់ ចំពោះព្រះអាទិត្យអោយធ្វើអំណោយទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ។ ហេតុនេះបានជាកាលណាគ្មានភ្លៀង គេលេងរបាំត្រុដិសុំទឹកភ្លៀ។​ នៅពេលចូលឆ្នាំគេនិយមលេងរបាំត្រុដិកំចាត់ឧបទ្រពចង្រៃផង ថ្វាយព្រះអាទិត្យផង ដើម្បីសុំអង្វររកសុំទឹកភ្លៀងអោយស្រេចតាំងពីដើមឆ្នាំទៅ ដូចគ្នាទឹងទម្លាប់ជនជាតិចិនហែក្បាលគោ ហែរនាគពេលចូលឆ្នាំនោះដែរ។
    II.        លក្ខណៈនៃរបាំត្រុដិ
ក. តួរសម្តែងក្នុងរបាំត្រុដិ
1)    អ្នកចម្រៀងនាំមុខ                           ១ នាក់
2)    អ្នកកាន់ដងដោយ                           ១ នាក់ (ខ្លះហៅថា ដងសន្ទូច)
3)    អ្នកកាន់កញ្ជាឈ្មោល                      ២ នាក់ (ខ្លះហៅថា ដងកញ្ជែ)
4)    អ្នកកាន់កញ្ជាញី                              ២ នាក់
5)    អ្នកវាយស្គរអារក្ស                           ​ ២ នាក់
6)    ព្រាន់ព្រៃ                                         ១ នាក់
7)    ទន្សោង                                          ២ នាក់
8)    ប្រើស                                             ១ នាក់
9)    ព្រាយក្រចកវែង                               ២ នាក់
10) ក្ងោក                                               ២ នាក់
11) យក្ខ                                                ២ នាក់
ខ. បទចម្រៀងរបាំត្រុដិ
បន្ទរ                  : អើយ...កំប្លង់ៗ អើយ នាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆា ឆា រ៉ា សារ៉ាមុំបង                                 វើយៗ ក្រមុំបង...
                           ច្រៀងច្រើនចប់តាមឆាកធំ ឆានតូច អ្នកចម្រៀងចេញម្នាក់ឯង
អ្នកច្រៀង          : អើយ... ត្រុដិខ្ញុំមកដល់ហើយ ដលើក្រៅរបង រទេះគោផង ម្ចាស់សោយចង្ក្រង់ខែ្សទាម...
បន្ទរ                  : ណា នាង ណា ចង្ក្រង់ខ្សែទាម...
អ្នកច្រៀង          : អើយ... ឈរឈប់នៅក្រៅ ស្រែកហៅទៅថ្កាន ជម្រាបសុំទាន ម្ចាស់អោយព្រលានឈរ                              លេង
បន្ទរ                  : ណា នាង ណា ព្រលានឈរលេង...
អ្នកច្រៀង          : អើយ... គ្នាខ្ញុំច្រើនណាស់ គគ្រឹក គ្រេង សុំព្រលានឈរលេង ម្ចាស់អោយលេខបានដែរឬ                            ទេ?
បន្ទរ                 : ណា នាង ណា លេងបានឬទេ? ... លេងបាន!! (ស្រែកពីរដង) អើយ... កំប្លង់ៗ អើយ នាំ                              គ្នា​​​លេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆា ឆា រ៉ា សារ៉ាមុំបង វើយ វើយក្រមុំបង
                           រៀបវង់សម្តែងជាស្តែងក្របី (សម្លេងដេញប្រើស ប្រើសរត់ចូលមកកណ្តាលវង់ 
                           ព្រានដេញពីក្រោយ)
អ្នកច្រៀងពោល    :ប្រើសមួយប្រឹងរត់ ព្រានព្រៃដេញស្កាត់ ប្រើសភ័យរត់បាត់ ម្ចាស់អើយព្រានបាញ់អោយ                              ខុសម្តង...
បន្ទរ                    : ណា នាង ណា ព្រានបាញ់ខុសម្តង...
អ្នកច្រៀង            : អើយ... ប្រើសឡកដាក់ព្រាន ព្រានខឹងពេកហោង សើកធ្នូផ្គូផ្គង ម្ចាស់សោយ ប្រើស                                  គេចរត់បាត់...(ប្រើសចូលក្នុង)
បន្ទរ                     : ណា នាង ណា ប្រើសរត់គេចបាត់...
                            អើយ...កំប្លង់ៗ​ អើយនាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆាឆារ៉ា សារ៉ាក្រមុំបង...
                            (ប្រើសចេញ).
អ្នកច្រៀង             :អើយ... ផ្អើលអស់ពួកយក្ខ ដេញស្គាល់ចាប់ប្រើស ទៅមុខក្រោយទើសម្ចាស់ អើយ គ                                គ្រឹកពេញព្រៃ
បន្ទរ                       :ណា នាង ណា គគ្រឹកពេញព្រៃ
អ្នកច្រៀង               :អើយ... យក្ខយារដាវកាប់ ទង្គិចដាវជាប់ ប្រើសគេចរត់បាត់ម្ចាស់សោយ
                              ឡកឡឺយដាក់យក្ខ...
បន្ទរ                       :ណា នាង ណា ឡកឡឺយដាក់យក្ស...
                               អើយ... កំប្លង់ៗ អើយ នាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធ ជារបាំខ្មែរ ឆា ឆា រ៉ាអើយ
                               សារ៉ាក្រមុំបង...(ព្រានចេញ)
អ្នកច្រៀង               :អើយ... ព្រាយស្រីក្រចកវែង ចេះរាំទន្ទែង ដេញស្ទាក់ចាប់បម្រឹគ ម្ចាស់សោយ
                              សន្ធឹកពេញព្រៃ
បន្ទរ                     : ណា នាង ណា សន្ធឹកពេញព្រៃ...កំប្លង់ៗ អើយ នាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធ 
                              ជារបាំខ្មែរ ឆា ឆា រ៉ា សារ៉ាមុំបង វើយ វើយ ក្រមុំបង...
អ្នកច្រៀង             : អើយ...ក្ងោកចេញអោយជួយព័ន្ធ ប្រើសផុតវាសនា ទន្សោងចេញរាំ ម្ចាស់សោយ 
                              ព្រានបាញ់ប្រើសស្លាប់
បន្ទរ                      :ណា នាង ណា ព្រានបាញ់ប្រើសស្លាប់...
                               អើយ... កំប្លង់ៗ អើយ នាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆា ឆា សារ៉ាមុំបង 
                               វើយវើយ ក្រមុំបង...
អ្នកច្រៀង            ​​​    : អើយ... ត្រុដិខ្ញុំសូមលាហើយ  ចប់ប៉ុណ្ណោះហោង រទេះអោយគោផង  ម្ចាស់សោយ
                                រៀបដំណើរទៅ
បន្ទរ                       :ណា នាង ណា រៀបដំណើរទៅ
                               អើយ... កំប្លង់ អើយ នាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆា ឆា សារ៉ាមុំបង                                       វើយវើយក្រមុំបង...
(ច្រៀងចូលក្នុង)




   III.        អំពីសម្ភារៈរបាំត្រុដិ
1.    ដងដោយ ធ្វើអំពីផ្តៅដំបង ឬឫស្សីពីងពង់ ពត់អោយប្រវែង ២ម៉ែត្រ។
2.    កញ្ជាធ្វើអំពីផ្តៅដំបង ឬឫស្សីពីងពង់ចំនួន ៤ ដើម គឺកញ្ជាឈ្មោលចំនួន២ ដែលមានកំពស់ ២ម៉ែត្រ ត្រឹមដៃស្នាមកក្រោម។
ឯកញ្ជាឈ្មោលមានកំពស់ខ្ពស់ជាងកញ្ជាញីចំនួន ០.៨០ ម ដៃស្នា ដែលពត់អោយកោងរាងដងធ្នូ ដោយចងខ្សែពីចុងម្ខាងទៅចុងម្ខាង រំលេចដោយក្រណាច់ពណ៌ចម្រុះកាត់ជាត្រីកោណហើយមានចងចង្រ្កង់តូចធំ (ចង្រ្កង់ដំបែ) និងត្រដោកតូចធំ សម្រាប់បញ្ជេញសម្លេងជារទេះគោ
·         ដងដោយតំណាងអោយទូករទេះ និង ចនទោលរទេះ
·         កញ្ជាទាំង៤ តំណាងអោយតួ និង កង់(ទ្រុង) រទេះទាំងមូល
·         អ្នកកាន់ស្គរ ២នាក់តំណាងអោយដុំ នៃកង់រទេះទាំងពីរ
3.    ក្បាលប្រើស សម្ភារៈនេះពិបាកធ្វើពេក គេច្រើនតែយកក្បាលប្រើស ដែលមានស្នែងសម្រាប់យក ស្ពាយជិះលើ ដៃកាន់ស្នែងទាំងពីរ រាំលោតៗ ជាកដំណើរក្បាច់ប្រើស។
·         ជាការងារបំផុត យើងត្រូវយកដីឥដ្ឋមកវាយមកបោកអោយទន់ស្អិត សូន្យជារូបរាងក្បាលប្រើស ហាលថ្ងៃអោយស្ងួត ទើបយកក្រដាសធម្មតា ជ្រលក់ព័រកាវ ឬបាយម៉ានបិទលើរូបនោះ ជាច្រើនជាន់ ហាលថ្ងៃអោយស្ងួត ទើបយកំបិទមកពុំហែក យកតែក្រដាសដែលមានរូបក្បាលប្រើស ទើបបិទក្រដាសផ្សែផ្សំថែមលាបថ្នាំ ហាលថ្ងៃគួរភ្នែកច្រមុះអោយស្អាតជាការស្រេច។
4.    ស្នែងទន្សោង ក៏ធ្វើពុម្ពដីឥត ដូចក្បាលប្រើសដែរ។
5.    សត្វក្ងោកទាំងពីររូបភាពដើម គេយកកន្ទុយក្ងោកពិតៗ មកកាន់រាំ តែសព្វថ្ងៃដោយគ្មានកន្ទុយក្ងោក យើងគ្រាន់តែស្លៀកពាក់ ពណ៌បៃតង ហើយនារីរេរាំពត់ពេន ជាកាយវិការក្ងោក អាចសន្មតថាជាក្ងោក។
6.    ព្រាយស្លៀកពាក់អាវបំពង់ យកក្រដាសរឹងពត់ជាក្រចកវែង ប្រវែង០.១៥ មពាក់ចងជាប់នឹងម្រាមដៃសម្រាប់រាំ។
  IV.        សេចក្តីសន្និដ្ឋាន
សរុបសេចក្តីមក យើងអាចធ្វើការសន្និដ្ឋានបានថារបាំត្រុដិ គឺជារបាំមួយប្រភេទ ដែលបានផ្សាភ្ជាប់ទៅនឹងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសគឺផ្សារភ្ជាប់ទៅនឹងប្រពៃណីរបស់អ្នកស្រុកមួយចំនួនក្នុងខេត្តសៀមរាប និងបាត់ដំបង។ ជាពិសេសវាបានបំពេរអារម្មណ៍របស់អ្នកទស្សនាអោយភាពរីករាយ សប្បាយទៅតាមការសំដែងរបស់អ្នករបាំ។
ជារួម ក្នុងនាមយើងជាកូនខ្មែរម្នាក់យើងត្រូវតែចូលរួមអោយតម្លៃនូវវប្បធម៌ ជាពិសេសរបាំត្រុដិ ដើម្បីអោយរបាំមួយនេះបានបន្សល់ទុកអោយកូនខ្មែរជំនាន់តៗគ្នា ដើម្បីកុំអោយបាត់អត្តសញ្ញាជាតិ។

ឯកសារយោង
1.    អ្នកស្រី ត្រឹង ងា (១៩៧៥)៖អរិយធម៌ខ្មែរ បោះពុម្ភលើកទី៣
2.    លោក ងីម ហួរ, បណ្ឌិត វង្ស មេង, លោក យៀង វីរបុត្រ. អ្នកស្រី សំរិត សុទ្ធា, អ្នកស្រី វ៉ាន់ លីដា, លោក វ៉ាន់ ម៉ូន, ហង់ ពៅ, ជា ផល្លី, ងាវ ស៊ីដា ៖ អរិយធម៌ខ្មែរ សម្រាប់ឆ្នាំមូលដ្ឋាន បោះពុម្ភលើកទី៤ (២០១៦), បោះពុម្ភដោយ រោងពុម្ភអង្គរ។
3.    ហ៊ីង ទឹម, របាំត្រុដិ ទាញយកតាមរយៈ http://libraryhub.org/index.php/search
4.    វចនានុក្រមខ្មែរ អេឡិចត្រូនិច ផលិតដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាលាភូមិន្ទភ្នំពេញ និង
អគ្គីសនីកម្ពុជា។


រៀបរៀងដោយនិស្សិត ធៀន ភារិន្ទ (២០១៧) 





[1] សៀវភៅអរិយធម៌ខ្មែរ(IFL) ទំព័រទី១៤៩
[2] សៀវភៅអរិយធម៌ខ្មែរ(IFL) ទំព័រទី១៥០
[3] សៀវភៅអវិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា ឆ្នាំ១៩៧៥
[4] សៀវភៅអវិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា ឆ្នាំ១៩៧៥

Comments

Popular Posts