សូក្រាត
សូក្រាតកើតនៅឆ្នាំ៤៦៩ មុន គ.ស ជិតក្រុងអាតែននៃប្រទេសក្រិច
គឺកើតក្រោយសង្រ្គាមនៅសាឡាមីន១០ឆ្នាំ។ បីតារបស់សូក្រាត ឈ្មោះ សូប្រូនីស៍
ជាជាងចម្លាក់នៅក្រុងអាតែន មាតាឈ្មោះហ្វេណារ៉ែត ជាឆ្មបជួយសង្រ្គោះជីវិតមនុស្ស។
សូក្រាតមានប្រពន្ធម្នាក់ឈ្មោះ សង់ទីបេ និងមានកូនបីនាក់។ កូនទាំងបីរបស់សូក្រាត
ជាមនុស្សសាមញ្ញខាងបញ្ជា មិនដូចជាឪពុករបស់ខ្លួននោះឡើយ។
សេននូហ្វូនបានសរសេរថា
ប្រពន្ធរបស់សូក្រាតមិនសប្បាយចិត្តជាមួយនឹងអាជីបទីពីររបស់សូក្រាតទេ ហើយបានរអ៊ូថា
គាត់មិនអាចទ្រទ្រង់គ្រួសារបានតាមអាជីពជាទស្សនវិទូនេះបានទេ។
សូក្រាតមានការខ្វាយខ្វល់តិចតួចណាស់អំពីការថែរក្សាកូនទាំង៣របស់គាត់
ហើយបង្ហាញចំណាប់អារម្មណ៍ច្រើនលើការអភិវឌ្ឍន៍ប្រាជ្ញារបស់មនុស្សប្រុសវ័យក្មេងនៅអាតែន។
សូក្រាតមានតែសិស្សម្នាក់គត់ដែលចេះលើសគេ ហើយតែងតែមានមតិផ្ទុយនឹងសូក្រាត
នោះគឺប្លាតុង។
ច្បាប់អាតែនតម្រូវអោយបុរស
ដែលមានកាយសម្បទាគ្រប់គ្រាន់ទាំងអស់អោយធ្វើជាទាហានតាមការកោះហៅ
ដើម្បីបំពេញតួនាទីចាប់ពីអាយុ១៨ឆ្នាំ ដល់អាយុ៦០ឆ្នាំ។
ប្លាតូបានសរសេរអំពីគ្រូរបស់គាត់ថា សូក្រាតបានបម្រើនៅក្នុងអង្គភាពទាហានថ្មើរជើងប្រដាប់អាវុធ
ដែលគេហៅថា ហបលីត (hoplite) ដោយមាន ខែល លំពែង និងម៉ាសបិទមុខ។
សូក្រាតបានចូលរួមក្នុងអំឡុងសង្រ្គាមនៅប៉ូទីដាអៀ, នៅឌែលៀម, នៅអាហ្វីផូលីស,
និងប៉ូទីដាអៀ។ សូក្រាតមានភាពក្លាហានរបស់គាត់នៅក្នុងការប្រយុទ្ធ និងមិនចេះភ័យខ្លាច។
សូក្រាត ជាមនុស្សល្បីល្បាញម្នាក់នាសម័យកាលជាង
២៥០០ឆ្នាំមុនគស ជនជាតិក្រិចទាំងអស់បានប្រសិទ្ធិនាមដល់គាត់ថា
ជាបិតាទស្សនៈវិជ្ជា និងបិតាវិជ្ជាសាស្ត្រនយោបាយ។ ប្រជាពលរដ្ឋទទួលស្គាល់គាត់ថា
ជាមនុស្សពូកែនិយាយ ពូកែសួរ ពូកែឆ្លើយ ទីណាមានសូក្រាតទីនោះមនុស្សរោមជិតគាត់ជាដរាប។
កិច្ចការរបស់លោក គឺស្វែងរកការគិត មានសុភវិនិច្ឆ័យសមហេតុផលតម្លៃសុជីវធម៌
ដែលធាតុទាំងនោះជាលក្ខណៈធម្មជាតិរបស់រដ្ឋនិងច្បាប់។បើមានការពិភាក្សាអំពីសិលធម៌
នយោបាយ គាត់បានពន្យល់ច្បាស់លាស់ជាលក្ខណៈនិយមន័យ។លោកបានពន្យល់អំពីលក្ខណៈខុសគ្នាអំពីសិទ្ធិពិត
និងច្បាប់របស់រដ្ឋឃើញថា ប្រភពទាំងពីរនោះគឺចេញពីបញ្ញា ឬវិចារណៈញ្ញាណមុនគេ។
គាត់បានបកស្រាយឆ្លុះបញ្ចាំងពីការរៀបចំប្រមូលផ្តុំនូវលក្ខណៈធម្មជាតិដែលជាប្រភពមានសុជីវធម៌នៃនយោបាយ
និងបាតុភូតផ្សេងៗរបស់ច្បាប់។ សូក្រាតជាមនុស្សចូលចិត្តរិះគុណ ដើម្បីកែលំអរ។
គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រងប្រទេសខ្លួននាពេលនោះ
តាមរបបប្រជាធិបតេយ្យបែបផ្ទាល់ បានចោទប្រកាន់គាត់ថាគាត់មិនបានគោរពដល់ព្រះរបស់ទីក្រុងនាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយ នូវដំណឹងអកុសលផ្សេងៗទៀត ហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ។ នៅពេលនោះរដ្ឋាភិបាលយល់ថា ផ្នែកនយោបាយពុំមានទោសកំហុសអ្វីទេចំណែកឯបញ្ហាសាសនាវិញស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ
។លោកសូក្រាតបានបង្រៀនថា«នយោបាយ
គឺជាសិល្បៈដែលទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ»
។ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានប្រជាជនភាគច្រើនរាប់បញ្ចូលទាំងអ្នកនយោបាយនាសម័យនោះ ពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ ហើយជាហេតុធ្វើឲ្យពួកគេពុំអាចដោះស្រាយនូវបញ្ហានយោបាយបានល្អទេ
។ ទស្សនៈខាងលើនេះ វាប្រឆាំងទៅនឹងគំនិតប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេងមនុស្សគ្រប់រូបត្រាប់តាមមាត់របស់ពួកគេដូចៗគ្នា
។ ហើយនៅពេលនោះ
សូក្រាតបានទាក់ទងនឹងពួកគណាធិបតេយ្យ(Oligarchy)ដែលកាន់អំណាចនៅក្រុងអាតែនក្នុងកំឡុងឆ្នាំ ៤១១ មុន គ.ស ហើយឆ្នាំ ៤០៤-៤០៣ មុន គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ (Oligarchy) នេះត្រូវបាពួករាជាធិបេតយ្យ (Monarchy) នាពេលនោះគិតថាមានគ្រោះថ្នាក់បំផុត ។ មួយចំនួននៃពួកនេះមានពីរបីនាក់ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន ។ទោះជាយ៉ាងណាក៏ដោយ សូក្រាតយល់ថា ពលរដ្ឋទាំងអស់ ទោះជាក្នុងករណីណាក៏ដោយត្រូវតែគោរពបង្គាប់របស់រដ្ឋ ហើយមិនអាចក្បត់នឹងមនសិការនេះឡើយ ។
សូក្រាតត្រូវបានគេដាក់ទោស ដោយការបោះឆ្នោតតាមសំឡេង ២៨០ ទល់ និង ២២១។
ជាការពិតណាស់សូក្រាតត្រូវបានគេចោទពីបទ មិនគោរពព្រះរបស់អាតែន មិនគោរពច្បាប់
និងបំផ្លាញអនាគតយុវជននៅក្រុងអាតែន។ ការដាក់ទោសសូក្រាតគឺតម្រូវអោយគាត់ផឹកថ្នាំពុល
សម្លាប់ខ្លួន។ នៅក្នុងពេលដែលសូក្រាតកំពុងជាប់នៅក្នុងការឃុំឃាំង សិស្សរបស់សូក្រាត
និងអ្នកយាមគុក បានអោយសូក្រាតលួចរត់ចេញពីគុក តែសូក្រាតមិនរត់ចេញពីគុកទេ
ហើយគាត់បាននិយាយថា ប្រជាជននៅក្នុងបុរី គួរតែគោរពច្បាប់របស់បុរី ។
ដូច្នេះហើយទើបនៅទីបញ្ជប់សូក្រាត បានផឹកថ្នាំពុលសម្លាប់ខ្លួន ទាំងអយុត្តិធម៌។
សូក្រាតមានវិធីបង្រៀនពីរយ៉ាងគឺ សិល្បៈបង្កើតគំនិត និងការចំអក។ សូក្រាតប្រើវិធីបង្កើតគំនិត
ចំពោះមនុស្សសាមញ្ញ ដែលមិនចេះអួតអាង
ហើយដឹងថាខ្លួនគ្មានចេះអ្វីសោះ។ សូក្រាតប្រើវិធីចំអកចំពោះពួកសូហ្វីស (ពួកទស្សនវិជ្ជាមួយក្រុម
ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត(ពួកនេះអួតអាងមានជំនឿថា ខ្លួនមានចំណេះជាសកល ។ ឃ្លាចំបងរបស់សូក្រាតស្តីពីទស្សនវិជ្ជាគឺ «ខ្ញុំដឹងតែមួយមុខគត់ គឺគ្មានចេះអ្វីសោះ»
៕
II.
គំនិតនយោបាយរបស់សូក្រាត
ក. ការបែងចែកវណ្ណៈ
សូក្រាតបែងចែកវណ្ណៈជាបីប្រភេទ៖
·
អ្នកទស្សនៈវិទូ
ជាអ្នកគ្រប់គ្រងសង្គម និងជាអ្នកដឹកនាំបុរី ព្រោះមានតែអ្នកទស្សនៈវិទូតែប៉ុណ្ណោះ
ដែលយល់ពីបញ្ហាគ្រប់គ្រងសង្គម។
·
ទាហាន
គឺជាអ្នកការពារបុរីពីការឈ្លានពាន ពីអាណាចក្រផ្សេងៗ។
·
កសិករ
គឺជាអ្នកដំដុះដំណាំផ្សេងៗ ពោលគឺជាអ្នកផលិតអាហារនៅក្នុងបុរិ ប្រសិនជាគ្នាកសិករទេ
ប្រជាជននៅក្នុងបុរីគឺមិនអាចរស់នៅបានឡើយ។
ខ.ការបែងចែកច្បាប់របស់សូក្រាត
សូក្រាតបានបែងចែកច្បាប់ជាពីរប្រភេទគឺ
·
ច្បាប់សរសេរ
គឺសម្រាប់គ្រប់គ្រងប្រទេស ឬបុរី ជាពិសេសគឺការកំណត់អំពីទោសនៅក្នុងបុរី
ដើម្បីកុំអោយប្រជាជននៅក្នុងបុរីមានការបំពាន និងប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ
·
ច្បាប់ឥតសរសេរ
គឺសំដៅទៅដល់ច្បាប់ដែលរួមមានទំនៀមទំលាប់ ប្រពៃណី។
គ.ការដឹកនាំរដ្ឋ
ក្នុងការដឹកនាំរដ្ឋ សូក្រាតយល់ឃើញថា
រដ្ឋរីកចម្រើន គឺដោយសារច្បាប់ល្អដឹកនាំ។សូក្រាតបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើការដឹកនាំតាមបែបអារីស្តូត្រ
ហើយបដិសេធន៍នូវការដឹកនាំនូវបែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើឱ្យប្រទេសជួបនូវវិបត្តិច្រើនដែលនាំឱ្យមានការរំលាយរដ្ឋាភិបាលចោលតែម្តង។
អសមត្តភាពរបស់មេដឹកនាំនាសម័យនោះត្រូវបានលោកសូក្រាតមើលឃើញ។
អ្នកដឹកនាំត្រូវតែមានចំណេះដឹងច្រើន ត្រូវតែមានសមត្ថភាពដឹកនាំ និងគ្រប់គ្រង។
ការលើកឡើងបែបនេះគឺបានងាកចេញឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ របស់ពួកគហបតី
របស់ពួកអេលីត និងរបស់ពួកផ្តាច់ការ ដែលជាទស្សនៈរបស់ប្លាតុង។
លោកបានតិៈទៀនរបបផ្តាច់ការខ្លាំងបំផុត។
គំនិតនយោបាយរបស់សូក្រាត បានបង្ហាញនូវសមត្តភាពនៃការដឹកនាំ វិធីសាស្ត្រ និងចំណេះដឹងចាំបាច់សម្រាប់ការដឹកនាំ
ពោលគឺគោលការណ៍សំខាន់ៗនៃសមត្តភាពនៃការគ្រប់គ្រងរដ្ឋ ឬបុរី។
មិនតែប៉ុណ្ណោះលោកក៏បានពន្យល់អំពីទ្រីស្តីខ្លះ និងបង្កើតនូវមូលដ្ឋានសុជីវៈវិនិច្ឆ័យ
ហើយខ្លឹមសាររបស់រដ្ឋ។ កត្តាសំខាន់ត្រូវមានភាពជឿជាក់លើគំនិត
និងចំនេះដឹងរបស់ខ្លួនស្គាល់ច្បាស់ថា អ្វីជាយុត្តិធម៌ ជាច្បាប់
ហើយនឹងជាគំនិតសុភវិនិច្ឆ័យ ក្នុងការគ្រប់គ្រង។ កត្តាសំខាន់ត្រូវមានភាពជឿជាក់លើគំនិត
និងចំនេះដឹងរបស់ខ្លួនស្គាល់ច្បាស់ថា អ្វីជាយុត្តិធម៌ ជាច្បាប់
ហើយនឹងជាគំនិតសុភវិនិច្ឆ័យ ក្នុងការគ្រប់គ្រង។
ជាច្រើនលើកច្រើនសារបានប្រឈមមុខជាមួយរដ្ឋអំណាច (រដ្ឋអំណាចប្រជាធិបតេយ្យបែបផ្ទាល់ និងផ្តាច់ការ) ក្នុងគោលបំណងដើម្បីបញ្ចូលឥទ្ធិពលក្នុងគូបដិបក្ខ
និងនយោបាយតិៈទៀនដ៏មានឥទ្ធិពលរបស់គាត់។
III.
ទស្សនៈរបស់សូក្រាត
1.
គ្រប់ចំណេះដឹងទាំងឡាយ
កើតចេញពីចម្ងល់។
2.
គតិបណ្ឌិតតែមួយគត់របស់យើង
គឺទទួលស្គាល់ខ្លួនឯងមិនចេះអ្វីសោះ។
3.
សម្រាប់ជីវិតអាពាហ៍ពិពាហ៍ទាំងឡាយ៖
បើអ្នកមានប្រពន្ធល្អអ្នកនឹងសប្បាយចិត្ត បើអ្នកមានប្រពន្ធមិនល្អ
នោះអ្នកនឹងក្លាយជាទស្សនៈវិទូ។
4.
មធ្យោបាយដើម្បីរស់នៅដោយកិត្តិយសបំផុត
គឺរស់នៅជាមួយអ្វីដែលអ្នកចង់ធ្វើ។
5.
មិនត្រូវងាយធ្លាក់ក្នុងមិត្តភាពនោះទេ
ប៉ុន្តែបើអ្នកទទួលបានមិត្តភាពហើយ ត្រូវតែរក្សាវាឲ្យបានល្អ និងរឹងមាំបំផុត។
6.
ជីវិតដែលគ្មានការប្រលង
គឺជាជីវិតដែលឥតប្រយោជន៍។
7.
មនុស្សពូកែនាំគ្នាវិភាគពី
គំនិត
មនុស្សធម្មតាវិភាគពី ព្រឹត្តិការណ៍ និងហេតុការណ៍
ហើយមនុស្សអន់ នាំគ្នានិយាយដើម មនុស្ស
8.
ខ្ញុំមិនអាចបង្រៀនមនុស្សឲ្យចេះគ្រប់រឿងបានទេ
គឺខ្ញុំគ្រាន់តែអាចធ្វើឲ្យគាត់ចេះ «គិត» តែប៉ុណ្ណោះ។
9.
ជីវិតដែលគ្មាន «បទពិសោធន៍»
និង «ការឈឺចាប់» មិនហៅថា ជីវិតនោះឡើយ។
10.
របស់ដែលល្អជាងគេបំផុត
គឺ «ចំណេះដឹង»
ហើយរបស់ដែលអាក្រក់បំផុតគឺ«ការល្ងង់ខ្លៅ»។
11.
លទ្ធិផលដែលល្អគឺជាលទ្ធិផលដែលទទួលបានការិៈគន់រួចហើយ។
12.
ត្រូវនិយមប្រើពាក្យថាខ្ញុំមិនចេះអ្វីសោះ
13.
ត្រូវយល់អំពីដំណើប្រព្រឹត្តទៅរបស់ធម្មជាតិ
14.
ត្រូវជជែកគ្នាដើម្បីរកការពិត
ព្រោះការជជែក ជាវិធីបង្កើតគំនិត
15.
ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង
16.
ត្រូវដុសខាត់ព្រលឹងឱ្យបានប្រសើរជាងខុសខាត់ជាងសិរីរៈ។
17.
នយោបាយគឺជាសិល្បៈដែលទាមទារឱ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ។
IV.
រឿងទាក់ទងនឹងសូក្រាត
ជាការពិតមានរឿងមួយ
ដែលទាក់ទងទៅនឹងសូក្រាត តែមិនដឹងថាវាជារឿងពិត ឬមិនពិតនោះទេ
តែរឿងនោះដូចជាគំនិតរបស់សូក្រាតក្នុងការសួរដេញដោលដែរ៖
ក្នុងសម័យកាលក្រិចបុរាណ
សូក្រាតគឺជនល្បីខាងចំណេះដឹងក្នុងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីសំណាក់មនុស្សគ្រប់រូប។
ថ្ងៃមួយ អ្នកធ្លាប់ស្គាល់គ្នាមួយរូប បានជួបទស្សនៈវិទូដ៏អស្ចារ្យនេះ
ហើយបាននិយាយប្រាប់គាត់រឿងមួយ។
បុរសអ្នកស្គាល់សូក្រាត៖
តើលោកដឹងទេថា ខ្ញុំស្តាប់ឰគេនិយាយអ្វីខ្លះអំពីមិត្តភក្កិរបស់លោកម្នាក់?
សូក្រាត ៖ចាំមួយភ្លែតសិន
មុននឹងនិយាយប្រាប់ខ្ញុំអំពីមិត្តរបស់ខ្ញុំ ខ្ញុំមានតេស្តបីចង់សួរ
លោកសិន។
គាត់សួរបន្ត
តើលោកឯងប្រាកដអត់ថា អ្វីដែលលោកនិយាយប្រាប់ខ្ញុំគឺជារឿងពិត។
បុរសអ្នកស្គាល់សូក្រាត៖
អឺៗៗ អត់ច្បាស់ដែរ ប៉ុន្តែខ្ញុំដឹងពីគេដែរទេ...។
សូក្រាត ៖ ល្អ!
ដូច្នេះលោកអត់ដឹងផងថារឿងនោះជាការពិត ឬមិនពិត មិនអ៊ីចឹង?
ឥឡូវខ្ញុំសួរសំនួរទី២។ តើអ្វីដែលលោកឯង បម្រុងនឹងប្រាប់ខ្ញុំអំពីមិត្តរបស់
ខ្ញុំ
គឺជារឿងល្អអំពីគាត់ទេ?
បុរសអ្នកស្គាល់សូក្រាត៖
អឺៗៗ អត់ល្អផង?
សូក្រាត ៖ ដូច្នេះ
លោកឯងចង់ប្រាប់ខ្ញុំអំពីរឿងអាក្រក់របស់មិត្តភក្តិខ្ញុំមិនអញ្ជឹង? លោក
ចង់ប្រាប់រឿងអាក្រក់ពីគេ ទាំងខ្លួនឯងមិនដឹងថាវាជារឿងពិត ឬមិនពិតផង
នោះ?
ឥឡូវដល់សំនួរចង់ក្រោយ។ តើលោកឯងចង់ប្រាប់ខ្ញុំនឹង មាន
ប្រយោជន៍ដល់ខ្ញុំទេ?
បុរសអ្នកស្គាល់សូក្រាត៖
អឺៗៗ អត់មានប្រយោជន៍ដល់លោកផង។
សូក្រាត ៖ ល្អណាស់! ប្រសិនបើអ្វី
ដែលលោកឯងចង់ប្រាប់ខ្ញុំគឺជារឿងមិនពិត មិនល្អ
ថែមទាំងគ្មានប្រយោជន៍ ហេតុអ្វីមកប្រាប់ខ្ញុំ?
V.
សេចក្តីសន្និដ្ឋាន
រួមសេចក្តីមក យើងអាចធ្វើការសន្និដ្ឋានបានថា សូក្រាតគឺជាទស្សនៈវិទូមួយរូប
ដែលមានកិត្តិនាមយ៉ាងខ្លាំងនៅក្នុងបុរីអាតែន តាមរយៈគំនិតដ៏អស្ចារ្យរបស់គាត់
ជាពិសេសគឺគំនិតទាក់ទងទៅនឹងច្បាប់ ការគ្រប់គ្រងរដ្ឋ។ អញ្ជឹងហើយបានជាសូក្រាត
ត្រូវបានគេ ហៅថាជាបិតានៃទស្សនៈវិជ្ជា។
រៀបរៀងដោយនិស្សិតសាលាច្បាប់ធៀន ភារិន្ទ
ឯកសារយោង
1.
មនោវិជ្ជា,
ជីវិប្រវត្តិទស្សវិទូសូក្រាត(២០១៧).យកចេញពី http://monovichea.com/?p=705
ទស្សនៈនយោបាយរបស់សូក្រាត(២០១៦).យកចេញពី http://bizdoctors.asia/%E1%9E%91%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%93%E1%9F%88%E1%9E%93%E1%9E%99%E1%9F%84%E1%9E%94%E1%9E%B6%E1%9E%99%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B-%E1%9E%9F%E1%9E%BC%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6/
ទស្សនៈនយោបាយរបស់សូក្រាត(២០១៦).យកចេញពី http://bizdoctors.asia/%E1%9E%91%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%93%E1%9F%88%E1%9E%93%E1%9E%99%E1%9F%84%E1%9E%94%E1%9E%B6%E1%9E%99%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B-%E1%9E%9F%E1%9E%BC%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6/
3.
អ៊ុន
សកក្កដា,សៀវភៅប្រវត្តិគំនិតនយោបាយ
Comments
Post a Comment